ប្រិយមិត្តទាំងអស់គ្នាដឹងហើយថា គ្មាននរណាម្នាក់ចង់ទទួលបានភាពបរាជ័យនោះទេ ពោលគឺចង់បានជោគជ័យ និងស្អប់បរាជ័យគ្រប់ៗគ្នា ។ រីឯអ្នកសិក្សា និងអ្នកស្វែងរកការងារធ្វើក៏ប្រាថ្នាចង់ទទួលបានជោគជ័យក្នុងការ សិក្សា និងការងារដែរ។ ចុះហេតុអ្វីបានជាបុគ្គលទាំងនេះចេះតែជួបនឹងបរាជ័យដូច្នេះ?
វាអាចបណ្តាលមកពីពួកគេមិនដឹង ឬមិនសិក្សាឈ្វេងយល់ពីវិធីសាស្ត្រចាប់យកការងារ។ ការងារមានគ្រប់វិស័យ និងរង់ចាំលោកអ្នកគ្រប់ទីកន្លែង។ ប៉ុន្តែកត្តាសំខាន់ គឺលោកអ្នកមានសមត្ថភាពអាចចាប់យកវាបានដែរឬទេ? ខាងក្រោមនេះជាទស្សនៈរបស់គ្រូបណ្ដុះបណ្ដាល ហេង សុភា ដែលលោកបានលើកឡើងនូវមូលហេតុសំខាន់ៗមួយចំនួនដែលធ្វើឲ្យលោកអ្នកមិនទទួលបានជោគជ័យទាំងការសិក្សា និង ការងារ៖
ដំណាក់កាលទី១៖ ការជ្រើសរើសយកជំនាញសិក្សា
• អ្នកដទៃជាអ្នកជ្រើសរើសជំនាញឲ្យ
• ជ្រើសរើសជំនាញមិនត្រឹមត្រូវតាមឆន្ទៈ
• ជ្រើសរើសជំនាញតាមគ្នា គ្មានការគិតគួរហ្មត់ចត់
• ជ្រើសរើសជំនាញខុសពីចំណង់ចំណូលចិត្ត
• ជ្រើសរើសជំនាញខុសពីសមត្ថភាព និងទេពកោសល្យ
• ជ្រើសរើសទាំងមិនដឹងថា ខ្លួនឯងត្រូវការជំនាញអ្វី។
– ដំណាក់កាលទី២៖ កំឡុងពេលសិក្សាមុខជំនាញ
• មិនប្រឹងប្រែងរៀនជំនាញរបស់ខ្លួនដែលបានជ្រើសរើស
• បង្ខំចិត្តរៀនជំនាញដែលខ្លួនមិនស្រឡាញ់ទាំងទើសចិត្ត
• រៀនដោយមិនពេញចិត្ត និងធ្វើទាំងបង្ខំចិត្ត
• មិនគ្រប់គ្រងពេលវេលា និងចំណាយពេលវេលាឥតប្រយោជន៍
• រៀនដើម្បីរៀន មិនរៀនដើម្បីចេះ ហើយចូលសាលាដើម្បីបំពេញពេលវេលា
• មិនស្វែងរកការងារធ្វើ ដូចជាការងារស្ម័គ្រចិត្ត ឬ ការងារហាត់ការ។ល។
– ដំណាក់កាលទី៣៖ ក្រោយពេលបញ្ចប់សិក្សា
ដំណាក់កាល ចុងក្រោយនេះ ជាវគ្គដ៏សំខាន់បំផុត បញ្ជាក់រឹតតែច្បាស់ថា អ្នកអាចទទួលបានជយលាភី ឬអត់ គឺនៅក្នុងដំណាក់នេះហើយ។ បើលទ្ធផលអវិជ្ជមាន នោះមានន័យថា អ្នកបានលេចចេញឡើងនូវសញ្ញាណទាំងនេះ៖
• គ្មានចំណេះ ជំនាញ និងសមត្ថភាព
• មិនដឹងថា ខ្លួនឯងចេះ និងមានទេពកោសល្យខាងអ្វី
• មានតែសញ្ញាប័ត្រ តែគ្មានសញ្ញាធ្វើ
• គ្មានបទពិសោធន៍ និងគុណសម្បត្តិគ្រប់គ្រាន់
• មិនស្វែងរកព័ត៌មានពាក់ព័ន្ធ
• គ្មានឥរិយាបថវិជ្ជមាន និងគំនិតអាក្រក់លើខ្លួនឯង
• មិនប្រឹងប្រែងស្វែងរកការងារធ្វើ
• ខ្វះបណ្តាញទំនាក់ទំនង។ល។
សរុបសេចក្តី ការសិក្សា និងការងារ ពឹងផ្អែកទាំងស្រុងលើបុគ្គលខ្លួនឯងផ្ទាល់។ ភាពជោគជ័យ ឬ បរាជ័យក្នុងការសិក្សា និងការងារ ក៏ពឹងទាំងស្រុងលើខ្លួនយើងដែរ។ មនុស្សជាច្រើនចូលចិត្តស្ដីបន្ទោសឲ្យអ្នកដទៃ ឬសង្គម ដោយពោលថា សង្គមគ្មានការងារឲ្យខ្លួនធ្វើ ទើបខ្លួនរកការងារធ្វើមិនបាន ឬ ទើបធ្វើឲ្យខ្លួនធ្វើការងារខុសជំនាញ។
ចំណុចនេះតើអ្នកធ្លាប់សួរខ្លួនឯងថា ជំនាញអ្នករៀន ហ្នឹង អាចប្រើប្រាស់បានទេ ឬជាចំណេះអំពិលអំពែក? ពេលអ្នកធ្វើការឲ្យគេ អ្នកអាចនាំប្រយោជន៍អ្វីខ្លះដល់គេ? ចូរ ចាំថា មិនរំពឹងការងារ ចូររំពឹងផលិតភាពការងារខ្លួនឯង ហើយសមត្ថភាពផង។ អ្នកត្រូវប្រយ័ត្ន និងត្រៀមខ្លួនចាប់យកឱកាស បង្កើតឱកាស ដើម្បីជយលាភីជីវិត គ្រប់ដង្ហើមចេញចូល។
ចូររៀនសង្កេតមើលមនុស្សជោគជ័យក្នុងការសិក្សា និងការងារដូចជា តើបុគ្គលជោគជ័យមួយចំនួនមានទម្លាប់ដូចម្ដេច? ឥរិយាបថដូចម្តេច? ការតស៊ូដូចម្តេច? និងសកម្មភាពដូចម្ដេច?
(ដកស្រង់ចេញពី The Business News)